នៅវេលាម៉ោង១០ និង ២០នាទី នាព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៤ ព្រះរាជអាជ្ញាខេត្តសៀមរាប ដឹកនាំ ដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប និង ជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានចុះធ្វើការ ឃាត់ខ្លួនកម្លាំងនគរបាលសេដ្ឋកិច្ចមក ពីក្រសួង ចំនួន៤នាក់ និង កម្មករបើកកាណូត ២នាក់ ស្តីអំពីបទកំហែងយកប្រាក់ និង បង្ខាំងមនុស្សខុសច្បាប់ នៅបឹងទន្លេសាបចំនុចកងមាស ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ដោយយោងតាមពាក្យបណ្តឹង និង ការរាយការណ៍របស់ប្រជានេសាទ ដែលទទួលរងគ្រោះ ដោយកម្លាំងនគរបាល សេដ្ឋកិច្ចមកពីក្រសួងមហាផ្ទៃ បានជម្រឹតទារប្រាក់ពីពួកគាត់ដែលជាអ្នកប្រជានេសាទ និង អ្នកប្រមូលទិញផលនេសាទ នៅ តំបន់កំពង់ឃ្លាំង ស្រុកសូទ្រនិគម និង តំបន់មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ។ តាមចម្លើយបញ្ជាក់របស់បងប្អូន ប្រជានេសាទបានឲ្យសមត្ថកិច្ចដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងនេះ ដឹកនាំដោយឈ្មោះ ឈាង លាងពៅ បានមកឲ្យពួកគាត់បង់ប្រាក់ ទៅក្រុមរបស់គេ ដើមី្បបានការអនុញ្ញាឲ្យដាក់ ឆ្នុក និង ចិញ្ចឹមត្រី ដោយក្នុងឆ្នុក១កន្លែង បង់នូវទឹកប្រាក់ ចំនួន ៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល បើជនណាមិនបានបង់ ហើយបានទៅដាក់ឆ្នុកនោះ នឹងត្រូវធ្វើ ការចាប់ខ្លួន ដើមី្ប ទារប្រាក់ ។ ដោយឡែកចំពោះ បងប្អូន អ្នក ប្រមូលទិញផលនេសាទ ហើយបានដឹកជញ្ជូនយកទៅលក់ នៅទីផ្សារនោះ ត្រូវ បានក្រុមនេះ ជម្រឹតទារប្រាក់ក្នុងមួយកាណូត ពី១០លានរៀល ទៅ១៣លានរៀល ព្រមទាំងគម្រាម ធ្វើការ ចាប់ ខ្លួន បញ្ជូនទៅ ភ្នំពេញទៀតផង ។ ជាក់ស្តែងនៅថ្ងៃទី៣០ កញ្ញា ២០១៤ ពួកក្រុមនេះបានជម្រឹតទារ ប្រាក់ពីកាណូត ដឹកត្រី ដែលមានចំណុះ ១តោន ចំនួន១៣លានរៀល តែម្ចាស់កាណូតគ្មាន ប្រាក់ ឲ្យ នោះ ដោយបង្ខាំង មិនឲ្យទៅណា ដល់វេលាម៉ោង១៥ រសៀលថ្ងៃដដែល ទើបក្រុមនេះបាន នាំ យកមកប្រគល់ឲ្យ សមត្ថកិច្ចសង្កាត់រដ្ឋបាល ជលផលដំដែក បានធ្វើការផាកពិន័យ ចំនួន១ លាន រៀល ។ តែបើយើងពិនិត្យនូវរាល់សកម្មភាព និង ទង្វើដែលក្រុមនគរបាលសេដ្ឋកិច្ចក្រសួងធ្វើនេះ គឺបានប្រឆាំងទៅនឹងបទបញ្ជា និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្រុមខាងលើនេះបានមកធ្វើការជម្រឹតទារប្រាក់ពីប្រជានេសាទនៅតាមផ្ទះផែ ក៏ត្រូវបាន កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយព្រះរាជ អាជ្ញារងខេត្ត បានធ្វើការឃាត់ខ្លួនជាក់ស្តែង នៅនឹងកន្លែង ដែល កំពុងធ្វើសកម្មភាព ជម្រឹតទារ ប្រាក់ ពីប្រជានេសាទ ដែលមានទឹកប្រាក់ចំនួន ១លាន ៥ម៉ឺនរៀល ។ ក្នុងនោះក៏បានធ្វើការ ឃាត់ខ្លួនបានមនុស្សចំនួន ០៦នាក់ ដកហូតនូវកាណូតធ្វើសកម្មភាព០២គ្រឿង មានកាណូតឈើ និង កាណូតស្នាច់ ព្រមទាំងអាវុធចំនួន០៣ដើម ប្រភេទAK ០២ដើម គ្រាប់៥៤គ្រាប់ K59 , ០១ដើម គ្រាប់០៨គ្រាប់ និង សៀវភៅបញ្ជីស្នាមកត់ត្រាឈ្មោះ អ្នកដែលត្រូវទារប្រាក់ ពីប្រជានេសាទ នៅគ្រប់បណ្តាខេត្តជុំវិញបឹងទន្លេសាប ។ ក្នុងនោះមានថ្នាក់វរៈសេនីយ៍ទោ ០២ រូប វរៈសេនីយ៍ត្រី ២រូប និង កម្មករ០២នាក់ ។
ក្រោយពេលបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើមី្បសួរនាំបន្តនោះ នៅវេលាម៉ោង ១០ និង ៣៥នាទី នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ត្រូវបានធ្វើការប្រគល់ជូនដល់ អង្គភាពប្រឆាំង អំពើពុករលួយដែលដឹកនាំដោយ ឯ.ឧ ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទាំងជនល្មើស និង វត្ថុតាង យកទៅធ្វើការ សួរនាំ និង វិនិច្ឆ័យទៅតាមនិតិវិធីច្បាប់បន្ត ៕
ដោយៈ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប










0 comments:
Post a Comment